V4MF

គម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គបង្កើនប្រសិទ្ធិភាពអភិបាលកិច្ចព្រៃឈើតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល

ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ស្ថាប័នមិនមែនរដ្ឋនៃប្រទេស​ក្នុងតំបន់មេគង្គ បានបង្វែរការគិតពីការ​ផ្តល់​សេវាកម្ម ទៅការសម្របសម្រួល​រវាងអ្នកពាក់ព័ន្ធនានា។ សហភាពអឺរ៉ុប បាន​គាំទ្រដល់គម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ គម្រោងនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងស្ថាប័នមិនមែនរដ្ឋក្នុងតំបន់ ហើយបានមើលឃើញពីតម្រូវការនៃការ​ចូលរួមរបស់តួអង្គសំខាន់ៗ ដោយបានផ្តល់វគ្គបណ្តុះបណ្តាលដល់ស្ថាប័នមិនមែនរដ្ឋដើម្បីបង្កើន​ជំនាញសម្របសម្រួលរបស់ពួកគេ។

អភិបាលកិច្ចនាពេលបច្ចុប្បន្ន មានច្រើនដំណាក់កាល​ ដែលជាទូទៅត្រូវការ និងទទួលបានផលប្រយោជន៍ ដោយសារមានការរួមចំណែកពីសង្គមស៊ីវិល ដែលបានជួយគាំទ្រសម្លេង និងនាំសាររបស់ប្រជាជន និងសហគមន៍មូលដ្ឋាន ដូចនេះ ការពង្រឹងសមត្ថភាពសង្គមស៊ីវិលគឺចាំបាច់ណាស់ ដើម្បីឲ្យពួកគេ​អាច​បំពេញតួនាទីនេះឲ្យបានល្អ” នេះជាការបញ្ជាក់របស់លោក Etienne Delattre អ្នកសម្របសម្រួលគម្រោង។

រីខូហ្វ ដោយមានលោកស្រី Rejani Kunjappan ពីថ្ងៃទី ១០-១៤ ខែកញ្ញា បានរៀបចំ​វគ្គបណ្តុះបណ្តាល “ការកសាងសមត្ថភាពដើម្បីពង្រឹងអភិបាលកិច្ចព្រៃឈើ” នៅទីក្រុងបាងកក ប្រទេសថៃ។ វគ្គបណ្តុះបណ្តាល​នេះមានគោលបំណង ផ្តល់ឲ្យអ្នកពាក់ព័ន្ធសំខាន់ៗនូវជំនាញសមស្រប ដើម្បីពួកគេអាចធ្វើការសម្រប​សម្រួលក្នុងដំណើរកានៃការពិភាក្សា ការដោះស្រាយបញ្ហា ចូលរួមឲ្យ​កាន់តែប្រសើរក្នុងដំណើរការនៃកិច្ច​ពិភាក្សា និងតាមរយៈនេះពួកគេអាចបង្កើតឲ្យមានបរិយាកាសល្អក្នុងការអនុវត្តអភិបាលកិច្ច។  

ប្រសិទ្ធភាពនៃអភិបាលកិច្ចព្រៃឈើ គឺសំដៅដល់ការចូលរួមក្នុងដំណើរការនៃការសម្រេចចិត្ត និងកិច្ចសហប្រតិបត្តិការ។ យើងត្រូវការស្ថាប័នមិនមែនរដ្ឋដែលមានសមត្ថភាពសម្របសម្រួលខ្ពស់ និងមានឥរិយាបថត្រឹមត្រូវដើម្បីជួយក្នុងដំណើរការដោយមានការចូលរួម។ អ្នកសម្របសម្រួលមិនមែនជាអ្នកផ្តល់ចម្លើយពាក់ព័ន្ធនឹងឧបសគ្គរបស់អភិបាលកិច្ចទេ ប៉ុន្តែជួយសម្របសម្រួលដំណើរការ និងប្រមូលនូវធាតុចូលដែលលើកឡើងដោយសហគមន៍ខ្លួនឯងផ្ទាល់។

ជារួម គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺអនុវត្តនូវជំនាញផ្សេងៗរបស់អ្នកសម្របសម្រួល និងបង្កើនសមត្ថភាពរបស់​អ្នកចូលរួម​ក្នុង​ការសម្របសម្រួល​ក្រុមដែលមានចំណាប់អារម្មណ៍ខុសគ្នា។ ដើម្បីទទួលបានលទ្ធផលនេះ វគ្គបណ្តុះបណ្តាលបានរៀបចំឡើង ឲ្យមាន​ភាពសកម្ម ជាក់ស្តែង និងផ្តោតលើការផ្តល់កម្លាំងចិត្តពីអ្នករួមការងារ ការរិះគន់ស្ថាបនា និងពោរពេញដោយថាមពល។ លោក ជ័យ គូឡង់ អ្នកចូលរួមពីអង្គការ WWF កម្ពុជា បានបញ្ជាក់ថា “វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ ដោយអាច​ជួយដល់​ការធ្វើការងារជាមួយអ្នកដទៃ ហើយបានជួយខ្ញុំឲ្យចេះពីការដកជំហានថយក្រោយ ឆ្លុះបញ្ចាំងពីតថភាពនៃស្ថានភាពការងាររបស់​ខ្ញុំ និងដោះស្រាយនូវពេលជួបការលំបាកក្នុងដំណើរការសម្របសម្រួលដែលខ្ញុំបានជួបប្រទះ។ ខ្ញុំគិតថាខ្ញុំអាចសម្របសម្រួលការងារបានកាន់តែប្រសើរបន្ទាប់ពីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ”។