សិក្ខាសាលាចាប់ផ្តើមគម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ
ភ្នំពេញ, នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោង "សម្លេងសម្រាប់ព្រៃឈើមេគង្គ" នៅទីក្រុងភ្នំពេញ។ រីខូហ្វ រួមនឹងអង្គកាដៃគូ WWF និង NGO-Forum បានរៀបចំសិក្ខាសាលានេះ ដោយមានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន មន្ទីបរិស្ថានខេត្តមណ្ឌលគីរី នាយកដែនជម្រកសត្វព្រៃស្រែពក សហភាពអឺរ៉ុប សហគមន៍មូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៥០នាក់។ គម្រោងនេះ បានទទួលសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប ដែលជាគម្រោងថ្នាក់តំបន់ មានរយៈពេល៥ឆ្នាំ និងមានគោលបំណងក្នុងការពង្រឹងអភិបាលកិច្ចព្រៃឈើក្នុងប្រទេសតំបន់មេគង្គ តាមរយៈពង្រឹងសង្គមស៊ីវិល។
ឯកឧត្តម ខៀវ បូរិន ថ្លែងក្នុងមតិស្វាគមន៍ពីសារៈសំខាន់នៃការចូលរួមរបស់តួអង្គមិនមែនរដ្ឋាភិបាល ដើម្បីទទួលបានអភិបាលកិច្ចល្អ "ប្រព័ន្ធអភិបាលកិច្ចគឺចាំបាច់ណាស់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងគោលការណ៍នៃអភិបាលកិច្ចល្អគឺរួមមាន សមភាព គណនេយ្យភាព និងការចូលរួមពេញលេញ ហើយដើម្បីទទួលបាននូវអភិបាលកិច្ចល្អ យើងត្រូវពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន និងស្ថាប័នមិនមែនរដ្ឋាភិបាល ដើម្បីឲ្យពួកគេអាចចូលរួមកាន់តែមានប្រសិទ្ធិភាពជាមួយរដ្ឋាភិបាលទាំងនៅថ្នាក់មូលដ្ឋាន និងនៅថ្នាក់ជាតិ"។
ដូចគ្នានេះដែរ ឯកឧត្តម George Edgar ក៏ទទួលស្គាល់ពីតួនាទី៏សំខាន់របស់សង្គមស៊ីវិល និងស្ថាប័នមិនមែនរដ្ឋាភិបាល ដើម្បីទទួលបានប្រសិទ្ធិភាព និងនិរន្តរភាពនៃអភិបាលកិច្ចព្រៃឈើ ក៏ដូចជាការធ្វើឲ្យប្រាកដពីនិរន្តរភាពនៃជីវភាពរបស់សហគមន៍មូលដ្ឋានដែលរស់នៅជិតតំបន់ព្រៃឈើ។ ការលើកយក និងពិចារណាពីចំណេះដឹង និងគំនិតរបស់សហគមន៍មូលដ្ឋានក្នុងដំណើរការគ្រប់គ្រងព្រៃឈើ គឺចាំបាច់ណាស់សម្រាប់ការប្រើប្រាស់ព្រៃឈើឲ្យមាននិរន្តរភាព និងអភិរក្សព្រៃឈើ។
យោងតាម ប្រធានគម្រោងសម្លេងសម្រាប់ព្រៃឈើមេគង្គ លោក Etienne Delattre "ការផ្តួចផ្តើម រេដបូកគឺជាឳកាសដ៏ល្អសម្រាប់ស្ថាប័នមិនមែនរដ្ឋាភិបាល ដែលត្រូវចូលរួមក្នុងកិច្ចពិភាក្សា និងដំណើរការនៃការសម្រេចចិត្តលើការគ្រប់គ្រងតំបន់ទេសភាពព្រៃឈើដែលដឹកនាំដោយរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលក្នុងប្រទេសតំបន់មេគង្គ គឺជាទូទៅនៅតែប្រើប្រាស់វិធីសាស្រ្តមជ្ឈការសម្រាប់ការគ្រប់គ្រង និងអភិបាលកិច្ចព្រៃឈើ។ ដូចនេះគម្រោង ផ្តោតលើក្នុងការជម្រុញឲ្យមានការចូលរួមយ៉ាងរបស់បណ្តាញស្ថាប័នមិនមែនរដ្ឋាភិបាលដែលមានសមត្ថភាព ក្នុងការទប់ស្កាត់មូលហេតុនៃការសឹករេចរឹល និងបាត់បង់ព្រៃឈើក្នុងតំបន់មេគង្គ។ គម្រោងមានសកម្មភាពសម្រាប់ថ្នាក់តំបន់ ថ្នាក់ជាតិ និងថ្នាក់តំបន់ទេសភាព ដោយសារមើលឃើញថាដើម្បីទប់ទល់នឹងបញ្ហាដែលប្រឈមក្នុងអភិបាលកិច្ចព្រៃឈើក្នុងតំបន់គឺត្រូវតែប្រើប្រាស់វិធីសាស្រ្តរួម។ គម្រោងអនុវត្តសកម្មភាពរបស់ខ្លួនលើតំបន់ទេសភាពបី ដែលគ្របដណ្តប់លើ៥ប្រទេសរួមមាន ប្រទេសកម្ពុជា សាធារណៈរដ្ឋប្រជាមានិត្យប្រជាធិបតេយ្យឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម"។
សិក្ខាសាលានេះគឺជា សិក្ខាសាលាថ្នាក់ជាតិរៀបចំបន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយគម្រោងដែលធ្វើនៅថ្នាក់តំបន់កាលពីថ្ងៃទី ៣ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំនងបង្កើតទិន្នន័យមូលដ្ឋានរបស់គម្រោងសម្រាប់ប្រទេសអនុវត្តគម្រោងនីមួយៗ។